សម្ដេចក្រឡាហោម ស ខេង រួមទាំងមន្ដ្រីក្រសួងមហាផ្ទៃ ៣រូបទៀត ទទួលបានមេដាយមាស មេដាយប្រាក់អនុស្សាវរីយ៍មហាកំពែង ពីមិត្តចិន
ភ្នំពេញ ៖ លោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខចិន បានអញ្ជើញបំពាក់មេដាយមាស មេដាយប្រាក់អនុស្សាវរីយ៍មហាកំពែង ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
សម្ដេចក្រឡាហោម ស ខេង រួមទាំងមន្ដ្រីក្រសួងមហាផ្ទៃ ៣រូបទៀត ទទួលបានមេដាយមាស មេដាយប្រាក់អនុស្សាវរីយ៍មហាកំពែង ពីមិត្តចិន បែបនេះនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន រួមជាមួយ លោក វ៉ាង ស៊ាងហុង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្ដើម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចិន៕EB