ភ្នំពេញ ៖ ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា ឆ្នាំ២០២០ និងឆ្នាំ២០២១ កំណើនតម្រូវការថាមព លអគ្គិសនីរបស់កម្ពុជាបានធ្លាក់ចុះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ហើយកម្ពុជារំពឹងថា តម្រូវការថាមពលអគ្គិសនីនឹងកើនឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្នុងវេទិកាធុរកិច្ចថាមពលអាស៊ាន (ASEAN Energy Business Forum) ក្រោមមូលបទ «ផែនទីបង្ហាញផ្លូវរបស់កម្ពុជា ស្តីពីអន្តរកាលថាមពល និងកាលានុវត្តភាពថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធថាមពល» នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ស៊ុយ សែម បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបញ្ជូលប្រភពថាមពលកកើតឡើងវិញ ទៅតាមល្បាយ នៃប្រភពថាមពលរបស់ខ្លួន។

លោក បានបន្ដថា ជាក់ស្តែងនៅឆ្នាំ២០២០កន្លងទៅនេះ ក្នុងល្បាយនៃប្រភពថាមពលនៃកម្ពុជាមានថាមពល៦០% ដែលបានមកពីប្រភពឥណទានផូស៊ីល ដែលមានធ្យូងថ្ម និងប្រេង និងថាមពល៤០%ទៀត បានមកពីប្រភពថាមពលកកើតឡើងវិញ ដែលមាន វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។

លោក បានបញ្ជាក់ថា «មុនឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមក្នុងរង្វង់៧% ក្នុងមួយឆ្នាំដែលបាន ធ្វើឲ្យកំណើនតម្រូវការថាមពលអគ្គិសនីមានជាមធ្យម២០% ក្នុងមួយឆ្នាំ។ ទោះបីជាក្នុងឆ្នាំ២០២០ នឹងបន្តចូលមកឆ្នាំ២០២១នេះ កំណើនតម្រូវការថាមពលអគ្គិសនីរបស់កម្ពុជាបានធ្លាក់ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩យ៉ាងក្តី ប៉ុន្តែមូលដ្ឋាននៃការព្យាករណ៍របស់ មូលធិរូបិយវត្ថុពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញលឿន ក្រោយកូវីដ-១៩ ថមថយ កម្ពុជារំពឹងថា នឹងតម្រូវការថាមពលរបស់កម្ពុជា នឹងកើនឡើងខ្ពស់សារជាថ្មីម្តងទៀត»។

លោក បានបន្ថែមថា ក្នុងបរិការណ៍នេះ ទោះបីជាកម្ពុជាមានកាតព្វកិច្ចត្រូវធានាឲ្យសង្គម និងសេដ្ឋកិច្ចកម្ពុជាទទួលបាននូវការផ្គត់ផ្គង់ថាមពលមួយដែលគ្រប់គ្រាន់ មាននិរន្តភាព ស្ថេរភាព និងក្នុងតម្លៃសមរម្យក៏ដោយ ក៏កម្ពុជាមិនភ្លេចក្នុងការបង្កើនល្បឿនអន្តរកាលថាមពលកម្ពុជាឆ្ពោះទៅរកការកាត់បន្ថយ ការបញ្ចេញកាបូន និងអព្យាក្រឹត្យភាពកា បូននៅពេលអនាគតផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ