(មានវីដេអូ) ក្រសួងអប់រំ កំពុងពិនិត្យករណីលោកគ្រូ នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សំពៅលូន ក្រោយពីកាត់សក់សិស្សានុសិស្ស
បាត់ដំបង ៖ បន្ទាប់ពីមហាជនផ្ទុះការរិះគន់លោកគ្រូ នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សំពៅលូន កាត់សក់សិស្សប្រុសៗខុសរបៀបនោះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងពិនិត្យករណីនេះហើយ។
ជុំវិញបញ្ហាទាំងនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន NP News នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ថា «ក្រសួងអប់រំ យុវជន និងកីឡាកំពុងពិនិត្យករណីនេះ»។
លោកអ្នកនាំពាក្យ បន្តថា ជាទូទៅ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។
សូមរំលឹកថា លោកគ្រូ នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សំពៅលូន ចុះអនុវត្តវិន័យចាប់សិស្សប្រុសៗ ឈូសសក់ ខណៈសកម្មភាពនេះ បានធ្វើឱ្យមានមតិរិះគន់មួយចំនួនទៅវិញថា «វិធីសាស្ត្រអប់រំចាស់កំរិល» ហើយថែមទាំងបន្ទោសទៅលើលោកគ្រូដែលចាប់កាត់សក់សិស្សថា «សក់គ្រូវែងជាងសក់សិស្សទៅទៀត»។
ខណៈមតិខ្លះទៀត ក៏បានសរសេរថា «មិនគំាទ្រទេ ហួសហេតុសក់មិនវែងផង» ។មតិខ្លះទៀត ក៏បានសរសេរត្រង់ៗទៅកាន់លោកគ្រូជាអ្នកកាត់សក់សិស្សថា«កាត់សក់គេ ភ្លេចមើល សក់ខ្លួនឯង»។ មតិផ្សេងៗទៀត ក៏បានសរសេរទៀតថា« ទាល់តែសក់ខ្លី ឆកក្បាលបានរៀនចេះ ប្រឡងជាប់មែន បានសុខៗនឹកឃើញអនុវត្តបែបនេះ»៕EB