ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ តុលានេះ បានផ្ញើសារអបអរសាទរ និង កោតសរសើរចំពោះលោក Honda ដែលបាន ដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យយកឈ្នះ ក្រុមកោះហ្គាំរបស់អាមេរិក។

តាមទំព័រហ្វេសបុក សម្តេចតេជោ ហ៊ុន សែន«ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ 

សម្ដេចតេជោ បានបន្ដថា «ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ»។

សូមបញ្ជាក់ថា កម្ពុជា បានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ