ក្រសួងសុខាភិបាល ៖ តំបន់ឆ្លងជំងឺផ្ដាសាយបក្សី ក្នុងស្រុកស៊ីធរកណ្ដាល គ្រប់គ្រងបានទាំងស្រុង មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេង
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា តំបន់ដែលឆ្លងជំងឺផ្ដាសាយបក្សី ក្នុងមូលដ្ឋានស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីជំនាញសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គ្រប់គ្រងបានទាំងស្រុងហើយ មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតនោះទេ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងមិនទាន់មានសញ្ញាណាដែលបង្ហាញថា មានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលយើងកំពុងរង់ចាំ គឺឲ្យមានការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលចុះទៅអង្កេតស្រាវជ្រាវនៅមូលដ្ឋាន រកឃើញថា មិនមានឆ្លងទៅណាទៀតទេ ហើយបច្ចុប្បន្ននេះយើងគ្រប់គ្រងបានទាំងស្រុងហើយ នៃស្ថានភាពជំងឺផ្ដាសាយបក្សនៅក្នុងតំបន់នោះ»។
លោកស្រី បន្ដថា ដោយឡែក សម្រាប់អ្នកជំងឺផ្ដាសាយបក្សីដែលបានឆ្លងពីកូនវិញ រហូតមកដល់ពេលនេះតាមរយៈលទ្ធផលបញ្ជាក់របស់មន្ទីរពិសោធន៍ បានឲ្យដឹងថា គាត់អវិជ្ជមានជំងឺវិញហើយ (ជាសះស្បើយ) ប៉ុន្ដែក្រុមគ្រូពេទ្យជំនាញបានឲ្យអ្នកជំងឺទទួលទានថ្នាំឲ្យគ្រប់បានចំនួនកំណត់ និងបន្ដតាមដានសុខភាពប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកអ្នកអ្នកនាំពាក្យ ក៏បានអះអាងទៀតថា សម្រាប់អ្នកដែលប៉ះពាល់វិញ មានសរុបចំនួន១៦នាក់ ក្នុងនោះមាន១២នាក់ប៉ះពាល់ជាមួយកុមារី ដែលមរណភាព និង៤នាក់ជាមួយឪពុក ហើយលទ្ធផលចេញពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ពួកគាត់អវិជ្ជមានជំងឺផ្ដាសាយបក្សី ប៉ុន្ដែក្រុមគ្រូពេទ្យបានយកសំណាកពីក្រុមផ្សេងទៀត ដែលមានការសង្ស័យមានរោគសញ្ញាស្រដៀងផ្ដាសាយ ចំនួន១៣នាក់ ជាលទ្ធផលអវិជ្ជមានដូចគ្នា។
សូមរំលឹកថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានថា បន្ទាប់ពីករណីស្លាប់កុមារីម្នាក់អាយុ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣៕