ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ជាពិសេស ថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីជៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

តាមសារលិខិតរបស់រាជរដ្ឋាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ រាជរដ្ឋាភិបាល បានបង្កើនសមិទ្ធិផលជាច្រើន ដូចជា ៖ ការពង្រឹងការគ្រប់គ្រង ធនធានទឹក ការស្តារ និងកសាងរចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់។ ជាពិសេស ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាពស្រូវ ដំណាំផ្សេងៗ ការប្រើប្រាស់ពូជដែលមាន គុណភាព ភាពធន់ និងការប្រែប្រួលអាកាសធាតុ។


សម្ដេចតេជោ បានបញ្ជាក់ថា «ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាត ថែរក្សា សុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយ ផាសុខភាព និងសុខុមាលភាព ជៀសផុតពីគ្រោះមហន្តរាយផ្សេងៗ»។

សម្ដេចតេជោ ក៏បានណែនាំក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ