ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះកម្ពុជា បាននាំអង្កេរ ចេញទៅក្រៅប្រទេស មានការថយចុះ ជិត៨ម៉ឺនតោន ស្មើ១៥.៩៧% បើធៀបនឹងឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ ស្ដីពី ស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ នេះ អង្ករមានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន នាំទៅកាន់ទិសដៅ ៦៨ប្រទេស ហើយកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។

ក្រសួងគូសបញ្ជាក់ថា “ការនាំចេញអង្ករ មានបរិមាណអង្ករ នាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន” ។

ក្រសួងលើកឡើងទៀតថា អង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុប ចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុប ចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ