ក្រសួងមុខងារសាធារណៈ ដាក់ចេញវិធានការមួយចំនួន ដើម្បីរក្សានិរន្តរភាពការងារ ក្រោយបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវវិធានការ ចំនួន៣ចំណុច ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំង ការរាតត្បាត នៃជំងឺកូវីដ១៩ និងរក្សានិរន្តរភាពការងារ។
ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ដូចខាងក្រោម៖
ទី១- អង្គភាពនីមួយៗ ត្រូវចាត់ចែងឲ្យមានមន្ត្រី ដែលមានភារកិច្ចចាំបាច់ឲ្យមកប្រចាំការផ្លាស់វេនគ្នា បំពេញការងារជាប្រក្រតីឡើងវិញ ប្រធាន ឬមន្រ្តីប្រគល់សិទ្ធឲ្យទទួលខុសត្រូវចាំបាច់ ត្រូវមានវត្តមានជាប្រចាំនៅការិយាល័យក្នុងម៉ោងធ្វើការ។
ទី២-ក្រសួងនឹងរៀបចំឯកសារបេសកកម្មដើម្បីសម្រួលដល់ការធ្វើដំណើរ មកបំពេញការងាររបស់មន្ត្រីដែលបន្តររស់នៅក្នុងតំបន់បិទខ្ទប់នៅឡើយ ទាំងតំបន់ក្រហម និងតំបន់លឿងទុំ។
ទី៣-ក្រសួងនឹងបង្កលក្ខណៈសម្រួលជាធម្មតាដល់ការធ្វើដំណើររបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទៅបំពេញភារកិច្ចចាំបាច់នៅក្នុងមូលដ្ឋានតាមបណ្តាខេត្ត ក្រុង៕