ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់សហភាពអឺរ៉ុបថា កម្ពុជា មានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៍ដូចជា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ស្ថានទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «កម្ពុជាមានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៍ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ទៅលើការផលិតថាមពលពីប្រភពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការសិក្សាមួយចំនួនគួរត្រូវបានលើកទឹកចិត្ត ដូចជា ការសិក្សាអំពីការផលិតអគ្គីសនីដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន»។ 


លោក បានបន្តថា ការអភិរក្សព្រៃ គឺជាជំរើសមួយដ៏ប្រសើក្នុងការបង្កើតឥណទានកាបូន និងអាចបង្កើនជីវភាពសហគមន៏តាមរយៈចំណូលពីទានកាបូន។ វិស័យឯកជនមានការយល់ដឹងច្រើនអំពីបញ្ហាបរិស្ថាន ដោយចាប់ផ្តើមវិនិយោគលើការផលិតអគ្គីសនីពីជីវម៉ាស និងបង្កើតឥណទានកាបូន។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី លើកឡើងថា កម្ពុជាមានផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំឡើង ព្រមទាំងតម្រូវការថវិកាក្នុងការអនុវត្តសកម្មភាពបន្ស៊ាំ ។ កម្ពុជាគាំទ្រការផ្តល់ហិញ្ញប្បទានអាកាសធាតុ ហើយការផ្តល់ ហិញ្ញប្បទានគួរផ្តោតទៅលើការបង្កើនជីវភាពប្រជាជននៅតាមសហគមន៍ ថ្នាក់ក្រោមជាតិ។


នាឱកាសនោះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឲ្យដឹងថា សហគមន៍អឺរ៉ុប យកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសកំពុងក្នុងការរៀបចំផែនការរយៈពេលវែងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងការរក្សាសីតុណ្ហភាពសកលនៅត្រឹម ២ អង្សាសេ ។

លោកស្រី ក៏បានបញ្ជាក់អំពីប្រធានបទសំខាន់ ដែលត្រូវពិភាក្សា និងសម្រេចនៅក្នុង (COP26) ដែលរួមមាន ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារកាបូនប្រកបដោយតម្លាភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ