ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបិទផ្សាយនៅសាលា ឃុំ-សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាពេលថ្មីៗនេះ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា «ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អញ្ជើញ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH ដើម្បីឱ្យ ប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត»។

លោក បានបន្ដថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ ប្រជាពលរដ្ឋពុំត្រឹមត្រូវ ត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារ សំអាងច្បាស់លាស់។

លោក បានបន្ថែមថា ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញបងប្អូនទៅ ចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ