ភ្នំពេញ ៖ លោកស្រី  ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស បានណែនាំដល់ក្រសួងស្ថាប័ននីមួយៗ មិនត្រូវផ្ដល់វ៉ាក់សាំងជូនអ្នកខាងក្រៅ ដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពនោះទេ។ 

សារសំឡេងរបស់លោកស្រី ឱ វណ្ណឌីន នារសៀលថ្ងៃទី៤ ខែមេសានេះ បានថ្លែងថា៖ មិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងសាមីនោះទេ។ ប្រសិនបើក្រសួងនីមួយៗយកបុគ្គលផ្សេងដែលមិនមែនជាមន្ត្រីរបស់ខ្លួន ហើយយកចាក់ធ្វើឲ្យចំនួនវ៉ាក់សាំងមិនគ្រប់ទេ។

លោកស្រីបន្តថា « ចឹងចាប់ពីថ្ងៃស្អែកទៅ ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ»។ 

លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ