លោក សក់ សេដ្ឋា លើកឡើងថា «ការចាក់វ៉ាក់សាំង ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត»
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ មីនា រហូតដល់ថ្ងៃទី១១ មេសា ខាងមុខនេះ គឺដោយគោលការណ៍ស្ម័គ្រចិត្ត ខណៈលោកបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងឱកាសចុះត្រូតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា លោក សក់ សេដ្ឋា បានលើកឡើងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល មិនមានលក្ខណ័តម្រូវឲ្យចាក់ទាំងអស់ឡើយ ដោយគោលការណ៍ស្ម័គ្រចិត្ត។
លោកបន្ដថា រាជរដ្ឋាភិបាលអនុញ្ញាតឲ្យ មន្ទីរពេទ្យ ១៦ ឧសភា របស់ក្រសួងមហាផ្ទៃ រៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដោយប្រតិបត្តិការចាក់ ចាប់ពីថ្ងៃទី៤ មីនា រហូត ដល់ ១១ មេសា ខាងមុខនេះ។ លោកបន្ដថា តាមការត្រួតពិនិត្យ មន្ទីរពេទ្យ ១៦ ឧសភា បានរៀបចំកន្លែងចាក់វ៉ាក់ សាំងមានលក្ខណៈស្ដងដារ តាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោក បញ្ជាក់យ៉ាងដូច្នេះថា «ការវ៉ាក់សាំងកូវីដ-១៩នេះ ដោយគោលការណ៍ស្ម័គ្រចិត្ត ដោយមានមន្ដ្រីពេទ្យធ្វើការ សម្ភាសន៍ ហើយសាមីខ្លួនត្រូវបំពេញបែបបទឲ្យបានត្រឹមត្រូវ។ ការចាក់វ៉ាក់សាំងនេះ មាន២ករណី ដូចជា ទី១-គាត់ គ្រប់លក្ខណៈសម្បត្តិ មានបញ្ហាសុខភាពរឹងមាំ គាត់មិនស្ម័គ្រចិត្តក៏មិនចាក់ជូនគាត់ដែរ ទី២-ដោយអ្នកខ្លះមានបញ្ហាសុខភាព ក៏មិនចាក់ជូនគាត់ដែរ គឺចាក់ដោយគោលការណ៍ស្ម័គ្រតែប៉ុណ្ណោះ»។
ជាងនេះទៅទៀត លោកសក់ សេដ្ឋា ក៏មានក្ដីសង្ឃឹមថា ការរៀបចំទីកន្លែងចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការពន្លឿនចាក់វ៉ាក់សាំងនេះ តាមការកំណត់របស់រាជរដ្ឋាភិបាល។
លោក បានឲ្យដឹងទៀតថា នាពេលកន្លងមកមានមន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលជាដើម បានទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៊ី ជាង៩ពាន់នាក់ គិតត្រឹមថ្ងៃទី២ មីនា ក្នុងនោះ មានជិត១ពាន់នាក់ មិនអាចចាក់ វ៉ាក់សាំង បានឡើយ។
លោក ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ ដូចជា ព្រឹត្តិការណ៍សហគ មន៍ ២០ កុម្ភៈ ដូច្នេះកម្លាំងនគរបាល បានខិតខំធ្វើការងារទាំងយ៉ាងសកម្ម ក្នុងការងារនេះផងដែរ។ លោក ក៏បានផ្ដាំ ផ្ញើទៅដល់កម្លាំងនគរបាលទាំងអស់ក្រោមចំណុះក្រសួងមហាផ្ទៃ ទោះបី ចាក់វ៉ាក់សាំងរួចក៏ដោយ ប៉ុន្ដែត្រូវការពារខ្លួនជារៀងរហូត ដោយធ្វើតាមការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ក្រោយពីប្រទេសចិនផ្ដល់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រទេសកម្ពុជានោះ រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានយល់ឃើញថា ប្រទេសចិន គឺជាប្រទេសមួយបានរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយកម្ពុជា ដូចជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៧៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន៣៩៦នាក់៕EB