ភ្នំពេញ ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំអំណោយសម្តេចតេជោ ផ្តល់ជូនគ្រួសារមួយ ដែលមានកូនភ្លោះចំនួន ៣នាក់ នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កូនភ្លោះទាំង៣ បានចាប់កំណើតនៅលើទឹកដីសន្តិភាព កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ និងមានឪពុកម្តាយ ជាកម្មកររោងចក្រដូចគ្នា។ បន្ទាប់ពីកើតភ្លាមៗ ចៅរបស់សម្តេចតេជោទាំង ៣រូបនេះ មានសុខភាពមិនសូវល្អនោះទេ ហើយត្រូវបានយកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ រហូតដល់មានសុខភាពល្អ ទើបលោក សេង ទៀង នាំយកអំណោយទៅផ្តល់ជូនដល់ផ្ទះ នៅខេត្តព្រះសីហនុតែម្តង។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។ ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ។

គួរជម្រាបថា នេះជាគ្រួសារកូនភ្លោះ៣នាក់ លើកទី៣៦៧ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ