ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ជាប្រភេទស៉ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ជូនមករដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សប្តាយហ៍ក្រោយនេះ។
យោងតាមលិខិតរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពិធីប្រគល់ និងទទួលវ៉ាក់សាំង ចំនួន៥០ម៉ឺនដូសនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែកភាគីរដ្ឋាភិបាលចិន តំណាងដោយលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ ពិធីនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។
សូមរំលឹកថា មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕