ភ្នំពេញ ៖ នៅព្រឹកទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ តែមិនមានបណ្តុំច្រើនទេ។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ ដោយអង្គការសុខភាពពិភពលោក។ 

ក្នុងពេលផ្តើមថ្លែងសារនៅព្រឹកនេះ សម្តេចតេជោ បានរម្លឹកពីប្រសាសន៍របស់សម្តេច នៅសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលសម្តេច បានលើកឡើងថា ការគ្រប់គ្រងបាន ឬមិនបានលើព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី៣០វិច្ឆិកា ហើយវិធីយកឈ្នះលើកូវីដ១៩ គឺត្រូវតាំងខ្លួនជាអ្នកចាញ់។

សម្តេចតេជោ ក៏បានរម្លឹកពីការអំពាវនាវរបស់សម្តេចដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស លាងដៃ កុំចេញពីផ្ទះបើមិនចាំបាច់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយជួយដោះស្រាយស្បៀងអាហារ និងផ្តល់ថវិកាដល់ក្រុមគ្រួសារក្រីក្រ ក្នុង ១គ្រួសារ ២ម៉ឺនរៀល ក្នុង ១ថ្ងៃ ក្នុងពេលគាត់ជាប់ធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា « ពេលនេះ យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក។ បើតាមការវាយតម្លៃ ការចម្លងក្នុងសហគមន៍របស់យើងនេះ គឺជាការចម្លងក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ មិនមានបណ្តុំច្រើន តែក៏មិនទាន់ឆ្លងចូលក្នុងសហគមន៍ធំ នៅឡើយដែរ»។

សម្តេចតេជោ បន្តថា តាមអង្គការសុខភាពពិភពលោក WHO ចំណាត់នៅលើពិភពលោក ជាការចម្លងក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ តែមិនមានបណ្តុំច្រើន ដោយមាន ៣៣ប្រទេស ក្នុងនោះ មានកម្ពុជាផងដែរ។

ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់ ។ ក្នុងនោះ ៣១២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ( ៣៣នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ១០នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និង ៧នាក់ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ )។

ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន ៤១នាក់។ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូនេះ មាន ៣នាក់ បានជាសះស្បើយហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ