រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ វ៉ាក់សាំងជំនួយរបស់ចិនពិតជាចូលរួមប្រយុទ្ធជំងឺកូវីដ-១៩ ពិសេសជំងឺបំប្លែងថ្មី ដែលតា
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន ពិតជាបានចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ពិសេសនោះ ជំងឺបំប្លែងថ្មី «ដែលតា» ផងដែរ ។
ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ម៉ឺនដូស នារសៀលថ្ងៃ២៣ សីហា នេះ សម្ដេច ទៀ បាញ់ បានថ្លែងថា វ៉ាក់សាំងគឺជាទំនិញគន្លឺះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិ ក្នុងការប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅគ្រប់ទិសទី នៃបណ្តាប្រទេសក្នុងពិភពលោក ។
សម្តេចបញ្ជាក់ថា «ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ មិនស្ថិតថេរដោយសារមេរោគកូវីដ១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួន ជាបន្តបន្ទាប់ ពិសេសនោះ មេរោគប្រភេទដែលតា បានកំពុងឆ្លងយ៉ាងខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត បានកំពុងផ្តោតយកចិត្តទុកដាក់ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ»។
សម្តេចបន្តថា តាមរយៈយន្តការជាទ្វេភាគី ពហុគី ក្នុងភាពជាជំនួយមនុស្សធម៌ក្តី បញ្ជាទិញក្តី ដើម្បីធានាបានចំនួនវ៉ាក់សាំង គ្រប់គ្រាន់ទាន់ពេលវេលា តាមផែនការកំណត់ ជាមួយនឹងយន្តការដែលមានទើបថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាប់ផ្តើម យុទ្ធនាការចាក់ប៉ាក់សាំងដល់កុមារា និងយុវជន និងបានចាប់ផ្តើមវ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់ មន្ត្រីបំរើសេវាជួរមុខ នៅតាមព្រំដែន។
សម្តេចគូសបញ្ជាក់ថា «វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស ជាជំនួយរបស់រាជដ្ឋាភិបាលចិន ជូនដល់ក្រសួងការពារជាតិថ្ងៃនេះ ពិតជាបានចូលរួមចំណែក ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ឆ្លងជំងឺកូវីដ១៩ ពិសេសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលលផ្តល់ឲ្យជំនួយជាបន្តបន្ទាប់ ជាច្រើនផ្សេងទៀត»៕EB