ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ចំនួន ៦,៣៣៦លានយ៉េនជប៉ុន (ប្រមាណ៥៨លាន ដុល្លារអាមេរិក)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ ក្រសួងសេដ្ឋកិច្ច និងJICA នាថ្ងៃទី២១ តុលា នេះ បានបញ្ជាក់ថា  គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹក ពីបឹងទន្លេសាប ក្នុងនោះ មានការសាងសង់ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក, សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនឹងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាបទាំងមូល។


កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេច «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្រដល់រដ្ឋាករ ទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជា ក្នុងការ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ