ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបក្រុមប្រឆាំងនៅក្រៅប្រទេស ថា វប្បធម៌សន្ទនា ដើរបាន ទាល់តែភាគីទាំងពីរ ឯកភាពគ្នា យល់ចិត្តគ្នា។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា ថ្មីៗនេះ លោកស្រី មូរ សុខហួរ ដឹកនាំមនុស្សមួយក្រុមតូច ទៅធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមាន សម្ដេច នៅអាមេរិក។ ក្រោយមក ចង់បង្កើតមានវប្បធម៌សន្ទនា ខណៈ សម្តេច ចោទសួរថា «តើឲ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរ ខ្ញុំ រហូត?»។
សម្ដេចធិបតី បញ្ជាក់ថា «ឃើញលោកយាយមួយនោះ (មូរ សុខហួរ) លើកគ្នាទៅបាតុកម្ម ជេរខ្ញុំ ជេរសុទ្ធតែត្រកូល ហ៊ុន អាក្រក់ ចុះចេញ ជេរចប់ គេយាយថា លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលថ្មី គួរតែយើង មានវប្បធម៌សន្ទនា។ ឥឡូវ សន្ទនា យ៉ាងម៉េច បើជេរតែរហូត»។
សម្ដេចធិបតី បន្ដថា «អារឿង វប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំងពីរ ឯកភាពគ្នា យល់គ្នា មែនទេ? ចង់ត្រូវគ្នា ពួកម៉ាកឈ្លោះគ្នាត្រូវគ្នា កុំមកជេរពីនាយហើយ មកបបួលត្រូវគ្នា អត់ត្រូវទេណា៎ មកដល់ជេរឯងកប់ៗ ហើយ មកបបួលឯងត្រូវ អត់ត្រូវទេ»។
សម្ដេចធិបតី រំលឹកថា វប្បធម៌សន្ទនានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បង្កើតឡើងជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែក្រោយមក វប្បធម៌សន្ទនានេះ ត្រូវបានបរាជ័យទៅវិញ ដោយសារតែទង្វើលោក សម រង្ស៊ី។ សម្ដេច ថា វប្បធម៌សន្ទនាដើរបាន ទល់តែភាគីទាំងពីរយល់ចិត្តគ្នា៕EB