ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជាប្រចាំ ដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះតែម្ដង។

នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យុទ្ធនាការរឹតបន្ដឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការកុំឲ្យមានអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់សង្គមមួយនេះ។

សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ