កំពត ៖ ប្រជាពលរដ្ឋប្រមាណ ៩៦នាក់ បានអះអាងថា ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ ដែលមានទីតាំងដីឡូត៍ នៅគម្រោងកំពតឋានសួគ៌ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងនៅគម្រោងកំពតហ្វរែស ក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត លើការទិញលក់ដីឡូត៍ ដែលមានលោកឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា។
នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ថា លោកស្រី អ៊ា សុខហេង តំណាងពលរដ្ឋ ដែលបានទិញដីឡូត៍ខាងលើ បានលើកឡើងថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនលោកឧកញ៉ា នួន អក បានបង្កើតគម្រោងដីឡូត៍កំពតឋានសួគ៌ ស្ថិតនៅក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។
ពេលនោះដោយពួកគាត់ទាំងអស់គ្នាបានជឿជាក់លើការផ្សព្វផ្សាយ និងការឃោសនារបស់ក្រុមហ៊ុនឧកញ៉ា នួន អក ថា នឹងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះ ក៏ដូចជាការឲ្យមានផ្លូវខ្វាត់ខ្វែង ពួកគាត់ក៏បានទិញដីឡូត៍ និងខ្លះទៀតបានដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុនឧកញ៉ា នួន អក ទៀតផង។
បន្ទាប់មកក្រុមហ៊ុន ឧកញ៉ា នួន អក ក៏បានបង្កើតគម្រោងកំពតហ្វរែស មួយផ្សេងទៀត ស្ថិតក្នុងភូមិមានរិទ្ធិ ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត ហើយពួកគាត់ជាអតិថិជន ក៏បានចូលរួមជាមួយក្រុមហ៊ុន ហើយបានទិញដីឡូត៍ និងដាក់ថវិកាវិនិយោគជាមួយថែមទៀត។
លោកស្រី អ៊ា សុខហេង បានបញ្ជាក់ទៀតថា ចាប់តាំងពីក្រុមហ៊ុនឧកញ៉ា នួន អក បានបង្កើតគម្រោងនេះ រហូតមកដល់បច្ចុប្បន្ន ពួកគាត់ពុំឃើញមានការអភិវឌ្ឍអ្វីឡើយ ពួកគាត់ក៏បានធ្វើការស្នើសុំឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ ដូចជាចាក់ដី ធ្វើផ្លូវ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែក្រុមហ៊ុនបានគេចវេស មិនចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យាឡើយ សូម្បីតែបុគ្គលិក និងការិយាល័យច្បាស់លាស់របស់ក្រុមហ៊ុន ក៏បានបិទជាបន្តបន្ទាប់ និងមិនអាចទំនាក់ទំនងបានដែរ៕