ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បាននគរបាលជាតិជប៉ុន ពិនិត្យលទ្ធភាពបង្កើនការបណ្តុះបណ្តាល ជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាព ។
ការស្នើនេះធ្វើឡើងក្នុងជំនួបជាមួយលោក SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្នុងឱកាសនាយឧត្ដមសេនីយ៍ ស ថេត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ នាថ្ងៃទី១៧ តុលា ។
ក្នុងជំនួបនោះលោក SANO Tomoki ក៏បានថ្លែងអំណរគុណដល់ នគរបាលជាតិកម្ពុជា ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ស ថេត បានគាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើន កិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសបច្ចេកវិទ្យ ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីនគរបាលជាតិជប៉ុន ពិនិត្យលទ្ធភាពបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាល ជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាព។
ជាការឆ្លើយតបលោក SANO Tomoki បានស្វាគមន៍គាំទ្រពាក់ព័ន្ធការ បណ្តុះបណ្តាលកសាងសមត្ថភាព និងបានបញ្ជាក់ជូនអំពីវគ្គបណ្តុះបណ្តាល ដែលផ្តល់ជូនតាមរយៈអង្គការចៃកា (Jica) នៅកម្ពុជា ៕EB