ភ្នំពេញ ៖ ក្នុងមួយថ្ងៃៗ រាជធានីភ្នំពេញ មានសំរាមប្រមាណ ៣ ៥៥០តោន ត្រូវបានប្រមូលយកទៅចាក់ នៅទីលានទុកដាក់សំរាម ដែលបញ្ហានេះ គឺបន្ទុកមួយដ៏សំខាន់ ដែលរដ្ឋបាលរាជធានី បានយកចិត្តទុកដាក់។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញលើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុង ឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣ ៥៥៦តោន ហើយអ្វីដែល ពិសេស ថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរ ចែកចាយ និងសេពគ្រឿងញៀន ក្នុងទីលានចាក់សំរាមបាន១០០%។
ការកោតសរសើរ នេះបានធ្វើឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមាន លោក កើត ឆែ អភិបាល រងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ ក៏បានធ្វើឱ្យ បទ ល្មើសព្រហ្មទណ្ឌ មានការថយចុះ ០៩លើក ដោយសមត្ថកិច្ចបង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែលធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវ កិច្ចដំណើរការ នៃព្រឹត្តិការណ៍ធំៗ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរ៕EB