ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីអង្គការសហប្រជាជាតិ (UN) ថា កម្ពុជា ខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួ នដែលត្រូវតែបន្តខិតខំដោះស្រាយថែមទៀត

នាឱកាសអនុញ្ញាតជូន លោក ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានបញ្ជាក់ថា «កម្ពុជា បានខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ ក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរដែលពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការផ្តល់និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍»។

សម្តេច ក៏បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា  គឺបង្កឡើងដោយកត្តាធំ២ ក្នុងនោះទីមួយគឺកត្តាមនុស្ស ទីពីរគឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់ស្លាកសញ្ញាផ្សេងផ្សេង។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តខិតខំ អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសការកសាងផ្លូវល្បឿនលឿន និងផ្លូវហាយវ៉េ ដែលមានច្រើនគន្លង និងផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិ ទៅតាមបណ្ដាខេត្តនីមួយៗ រួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយងបត្រាគ្រោះថ្នាក់ចរាចរណ៍។

សម្ដេច ក៏បានជម្រាបជូនលោក ជីន ថូត (Jean Todt)ដែរថាដើម្បីបន្តធ្វើឲ្យកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ កិច្ចការសំខាន់ៗពីរត្រូវតែបន្តធ្វើឲ្យទន្ទឹមគ្នា ទីមួយគឺការពង្រឹងការអនុវត្តច្បាប់ និងទីពីរគឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជនដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា។

ជាការឆ្លើយតប លោក ជីន ថូត ក៏បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ដែលថាការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ជាការពិត ទាមទារនូវការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យយល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។ លោក បានបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវស្របតាម អភិក្រមរបស់អង្គការសហប្រជាជាតិ។

លោក បានអះអាងពីការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូដទៃទៀតរបស់លោកនៅក្រោមអង្គការសហប្រជាជាតិ តាមរយៈការលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួនដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការបង្កើននូវការប្រើប្រាស់នូវសេវាដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយនូវមធ្យោបាយធ្វើដំណើរលើដងផ្លូវ កៀរគរការចូលរួមពីវិស័យឯកជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ