សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បុរសហុងគ្រី ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ១៩
សៀមរាប ៖ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ១៩ នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ច និងក្រុមការងាររបស់សុខាភិបាល រកឃើញហើយ នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។
នេះបើតាម មន្រ្តីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា «នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃនេះ ជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ១៩ ត្រូវបានរកឃើញហើយ ដោយគាត់បានស្នាក់នៅផ្ទះជួលស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប»។
បើតាមសមត្ថកិច្ច ក្រោយរកឃើញ ក្រុមការងារបាននាំខ្លួនគាត់ទៅទុកនៅដាច់ដោយឡែក (ធ្វើចាត្តាឡីស័ក) នៅមន្ទីរបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តរកកូវីដ១៩ ដែលចេញនៅល្ងាចនេះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានដោយបញ្ជាក់ពីករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី លើបុរសជនជាតិហុងគ្រីម្នាក់ នៅខេត្តសៀមរាប ដែលកំពុងរត់គេចខ្លួនបាត់ពីកន្លែងស្នាក់នៅ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ជាបុរសដែលសង្ស័យឆ្លងជំងឺកូវីដ១៩នេះ ជាជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕EB