ភ្នំពេញ ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងពិភពលោក, ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាជនទទួលទានត្រីខ្ពស់ជាងគេបំផុត ពោលគឺពលរដ្ឋមួយរូប ទទួលទានត្រីប្រមាណ ៥៧.៣គីឡូក្រាម ក្នុងមួយឆ្នាំ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល កញ្ញា អ៊ឹម រចនា អញ្ជើញបើកដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោយប្រមូលផល ដែលទទួលផលពីគម្រោង CAPFish។ ពិធីនេះ បានរៀបចំធ្វើឡើង នាសាលប្រជុំសែនពិដោរ នៃក្រសួងកសិកម្ម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា «នៅក្នុងពិភពលោក ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាជនទទួលទានត្រីខ្ពស់ជាងគេបំផុត ពោលគឺពលរដ្ឋមួយរូប ទទួលទានត្រីប្រមាណ៥៧.៣គីឡូក្រាម ក្នុងមួយឆ្នាំ នេះបើតាមតួលេខឆ្នាំ២០១៩ និងខ្ពស់បំផុត ក្នុងឆ្នាំ២០១១ រហូតដល់ ៦៣.២គីឡូក្រាម ក្នុងមួយឆ្នាំ បើធៀបទៅនឹងអត្រាមធ្យម នៃពលរដ្ឋទទួលទានត្រី ក្នុងពិភពលោក ត្រឹមតែ ២០.៥គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ»។

ទន្ទឹមគ្នានេះ កញ្ញា អ៊ឹម រចនា បានលើកឡើងថា ធនធានជលផល និងវារីវប្បកម្ម គឺជាប្រភពនៃអាហារូបត្ថម្ភ ការងារ មុខរបរ និងអត្ថប្រយោជន៍ផ្នែកសង្គម សេដ្ឋកិច្ចនិងវប្បធ៌ម។ ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជា ជាង៣លាននាក់ ពឹងផ្អែកដោយផ្ទាល់ លើធនធានជលផល ដើម្បីចិញ្ចឹមជីវិត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ