សម្ដេចតេជោ ហ៊ុន សែន ៖ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ ត្រូវតែជាកាតព្វកិច្ចចាំបាច់បំផុត ព្រោះអំពើជ្រុលនិយម បន្ដនៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ ត្រូវតែជាកាតព្វកិច្ចចាំបាច់បំផុត ព្រោះអំពើជ្រុលនិយមហួសហេតុ បន្ដមានវត្តមាននៅប្រទេសកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្រសួងយុត្តិធម៌ ក្នុងនាមតំណាងជារាជរដ្ឋាភិបាល ក្នុងឧត្តមក្រុមប្រឹក្សាចៅក្រម ចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយ ព្រហ្មទណ្ឌឱ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើង ដែលពោរពេញទៅដោយ គេហៅថា អំពើជ្រុលនិយមហួសហេតុ ដែលបន្ដមានវត្តនៅកម្ពុជា ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឱ្យជាប់»។
សម្ដេចតេជោ បន្ដថា ហើយចំណុចនេះ មិនត្រូវមើលស្រាលឡើយ ហេតុអ្វី? ព្រោះប្រទេសជិតខាង នៅសុខៗផ្ទុះអាវុធ ហើយមនុស្សមួយចំនួន កំពុងរត់លាក់ខ្លួននៅកម្ពុជា។ សម្ដេច ក៏បានឱ្យស្វែងយល់អំពីបញ្ហា រុស្ស៊ី និងអ៊ុយក្រែនផងដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នៅក្នុងកាលៈទេសៈ ដើម្បីធានានូវស្ថិរភាព សន្ដិភាពដល់ប្រទេស និងស្ថេរភាពខាងនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្ម ត្រូវតែជាកាតព្វកិច្ច ចាំបាច់ ហើយរាជរដ្ឋាភិបាល ត្រូវធ្វើ»៕EB