ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋថា អំឡុងពេល ថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហាមដាច់ខាតកុំហូប និងលក់គ្រឿងស្រវឹង ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។

សម្ដេច បន្ដថា ថ្ងៃបោះឆ្នោត កម្មករ-កម្មការិនី និងមន្ដ្រីរាជការ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចំនួន ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល។

សម្ដេច នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ថ្ងៃណុងហាមផឹកស្រាល (អំឡុងពេលបោះឆ្នោត) បន្ដិចទៀត នឹងចេញសារាចរ ហាមផឹកគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹង ថ្ងៃបោះឆ្នោត ហើយធ្វើយ៉ាងម៉េចឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន»។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមឈរបោះឆ្នោត ចំនួន ១៨គណបក្ស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ