សម្តេចតេជោ ហ៊ុន សែន ណែនាំចៅក្រមព្យាយាម ត្រូវសម្របសម្រួលលើជម្លោះរវាង ប្តី-ប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ចៅក្រមព្យាយាម សម្របសម្រួលលើជម្លោះរវាង ប្តី-ប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា ខណៈចៅក្រម ក៏ប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យលោកចៅក្រម អស់លោក-លោកស្រី ជាចៅក្រមទាំងអស់ ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវការសម្របសម្រួល ជាជាងការកាត់ក្ដី រឿងនេះអាចធ្វើបាននៅក្នុងគ្រប់សំណុំរឿង ទាក់ទងនឹងរដ្ឋប្បវេណី រឿងបញ្ហាព្រហ្មទណ្ឌវាជារឿងមួយផ្សេង ដែលចៅក្រមរបស់យើងពិបាក ហើយក៏អាចមិនមានលទ្ធភាពធ្វើទៅដែរ ព្រោះទាក់ទិននឹងបញ្ហាព្រហ្មទណ្ឌវាជារឿងមួយផ្សេង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ៕EB