ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។

រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះ ក្រសួង បានពិនិត្យឃើញថា ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព ដោយសារមានការយកចិត្តទុកដាក់គាំទ្រពីសំណាក់ ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

ក្រសួង ក៏បានសង្កេតឃើញថា ការិយាល័យប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់អាចដំណើរការអនុវត្តការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ចដែលមានកំណត់នៅក្នុងលិខិតបទដ្ឋាននៅឡើយ ដោយសារជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន នៅក្នុងដំណើរការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។

ក្រសួង បានបញ្ជាក់ថា «សូមផ្ដល់ការណែនាំមួយចំនួនដល់រដ្ឋបាលរាជធានី ខេត្ត ក្នុងការពង្រឹង ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ដូចជា រដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យ និងផ្ដល់លទ្ធភាពគាំទ្រលើផែនការសកម្មភាពប្រចាំឆ្នាំ ដែលបានស្នើឡើងដោយប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត»។

ក្រសួង បានបន្ដថា អភិបាលរាជធានី-ខេត្ត ត្រូវដាក់បញ្ចូលផែនការសកម្មភាពទាំងនោះ ទៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាល រាជធានី ខេត្ត ស្របតាមខ្លឹមសារមាត្រា២៩ នៃអនុក្រឹត្យ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ រដ្ឋបាលរាជធានី -ខេត្ត ត្រូវផ្ដល់ព័ត៌មានត្រឡប់ឲ្យបានជាក់លាក់ អំពីលទ្ធភាព នៃការគាំទ្រថវិកាទៅលើសកម្មភាពរបស់ការិយាល័យប្រជាពលរដ្ឋ ដើម្បីឲ្យប្រធានការិយាល័យបានដឹង និងងាយស្រួលក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ