ភ្នំពេញ ៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាង កម្ពុជា-សិង្ហបុរី ជាពិសេសនោះ សិង្ហបុរី ជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នាពេលខាងមុខ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Gan Kim Yong និងសហការី តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរគួរផ្តោតលើក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមមាន ៖ ការបន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។


លោកបានបន្ដថា វឌ្ឍនភាពក្នុងការរៀបចំការងារសំខាន់ៗ និង ទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេស ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះរួមមាន ការចងក្រងឯកសារគន្លឹះ ស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗ ជាដើម។

លោកបានបន្ដធ្វើបច្ចុប្បន្នភាពលើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងបានជម្រាបអំពីសារៈសំខាន់នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីអាចទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។


ជាការឆ្លើយតប លោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ