ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមប្រជុំជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងបី។

កិច្ចប្រជុំមេដឹកនាំកំពូល វៀតណាម-កម្ពុជា-ឡាវ ធ្វើឡើងនៅទីស្នាក់ការកណ្តាល គណបក្សកុម្មុយនីស្ដវៀតណាម ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ កញ្ញា បានបញ្ជាក់ថា នៅក្នុងជំនួបកំពូល មេដឹកនាំនៃគណបក្សទាំងបី បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារសំខាន់នៃជំនួប កំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមក អំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩។


ប្រភពបញ្ជាក់ទៀតថា «មេដឹកនាំនៃគណបក្សទាំងបី បានពិគ្រោះយោបល់គ្នា អំពីកិច្ចកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅ នៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នា អំពីសារសំខាន់ នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបី។ មេដឹកនាំនៃគណបក្សទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ