ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទទួល ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូដ-១៩»។

លោក បន្ដថា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនេះ ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធជាពិសេសសេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំង រស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាព ថ្មីឲ្យបានត្រឹមត្រូវ។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែក សុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយ នឹងវត្តមាននៃមេរោគកូវីដ-១៩ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវលិខិត ស្តីពីការ អនុវត្តយុទ្ធនាការទូទាំងប្រទេស ដើម្បីអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃ វីរុសកូវីដ-១៩ ដែលត្រូវបន្តជាប់ជាប្រចាំដោយស្មារតីយកចិត្តទុកដាក់ខ្ពស់»។

លោក បន្ដថា យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លង មក។ ប៉ុន្តែសកម្មភាពទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នាបច្ចុប្បន្ន។ ដូច្នេះការរៀបចំបន្តយុទ្ធនាការដែលមានលក្ខណៈផ្តោតចំពោះ និងមានកិច្ចសហការរវាងភាគីពាក់ព័ន្ធ ទាំងអស់ ដោយល្អិតល្អន់ និងសម្រុកក្នុងពេលតែមួយចាប់ពីពេលនេះតទៅគឺមានសារៈសំខាន់បំផុត ដើម្បីឈានទៅ សម្រេចបានការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងថ្មីជាមួយ វីរុសកូវីដ-១៩ ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ជាមួយគ្នានេះ អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានរៀបចំជាសេចក្ដីណែនាំ ក្នុងការរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដើម្បីជាមគ្គុទេសជំនួយបន្លែក្នុងការរៀបចំអនុវត្តយុទ្ធនាការថ្នាក់ជាតិ នេះឲ្យកាន់តែមានប្រសិទ្ធភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ