ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ច បានធ្វើការផាកពិន័យយានយន្ត៨,៥៣៧ គ្រឿង ដែលមិនបានប្រកាសបង់ពន្ធ ជាមួយនឹងប្រាក់ពិន័យ ១,៥២លានដុល្លារ។ នេះបើតាមលទ្ធផល នៃការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ជាពិសេសអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងចុះតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យ ការអនុវត្តការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសសំដៅធានាបាននូវសមភាព និងតម្លាភាពនៃការបង់ពន្ធប្រភេទនេះ ដែលយុទ្ធនាការនេះបានចាប់ផ្តើមពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតមក។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានយានយន្តចំនួន ៨ ៥៣៧ គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់ ហើយយានយន្តទាំងនោះតម្រូវឲ្យបង់ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យមានចំនួន ៦ ០៩៥ ០៧០ ០០០ រៀល (ប្រមាណ ១.៥២ លានដុល្លាអាមេរិក)»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ