ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាសម្រេចឲ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ ចាប់ពីអាយុចាប់ពី ១២ឆ្នាំ និងក្រោម១៨ឆ្នាំ ឲ្យបានមុនដំណាច់ ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ ស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឡើងវិញ។

ក្នុងបើកពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា «បន្ទាប់ពីការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅចាក់វ៉ាក់សាំង ជូនកុមារ យុវវ័យ អាយុចាប់ពី ១២ ឆ្នាំ និងក្រោម ១៨ ឆ្នាំ ឲ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឲ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ»។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ដែល ជាប្រទេសឈានមុខក្នុងការផ្តល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជា ប្រទេសជប៉ុន , អង់គ្លេស និងអាមេរិក ដែលធ្វើឲ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ