សម្ដេចតេជោ ហ៊ុន សែន ស្នើអង់គ្លេស ផ្តល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត និងជួយសម្រួលដល់កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើចក្រភពអង់គ្លេសផ្តល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំង បន្តទៀត ក៏ដូចជា ជួយសម្របសម្រួលដល់កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញនាពេលអនាគត។
ក្នុងពិធីប្រគល់-ទទួលអំណោយ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១៥.០០០ ដូស ពីរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និង ជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និង មានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីន ពិភពលោក ។
សម្ដេចតេជោ បន្ដថា ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារ មេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្ត ប្រទេសនានាក៏ដូចជានៅកម្ពុជា ។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជា ចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមស្នើចក្រភពអង់គ្លេសផ្តល់ជា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញ វ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត»។
សម្ដេចតេជោ បន្ថែមថា ជាមួយគ្នានេះដែរ កម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើន បាននិងកំពុងផ្តោតការយកចិត្ត ទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការ ប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ យោងតាមអង្គការសុខភាពពិភពលោក (WHO), វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារទៅនឹងមេរោគកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទ ដែលតា ផងដែរ ។ ដោយយល់យ៉ាងច្បាស់លាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ, រាជរដ្ឋាភិបាល បានខិតខំ និងព្យាយាមស្វែងរក វ៉ាក់សាំងតាមរយៈយន្តការដែលមាន ជាទ្វេភាគីក្ដី ជាពហុភាគីក្ដី ក្នុងរូបភាពជាជំនួយមនុស្សធម៌ក្តី និងជាការបញ្ជាទិញដោយផ្ទាល់ក្តី។
សម្ដេចតេជោ បន្ថែមថា ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិត នៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និង រាលដាល ។
សម្ដេចតេជោ ក៏បានគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញនេះ ៕