ភ្នំពេញ ៖ វ៉ាក់សាំងប្រភេទ SARS-CoV-2 (Sinopharm) ចំនួន១០០.០០០ ដូស ដែលជាជំនួយរបស់ សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជូនកាកបាទក្រហមកម្ពុជា បានដឹកមកដល់កម្ពុជាហើយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីសមាគមជាតិ កាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ង វិនទៀង ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់កាកបាទក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជា ការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ព្រមទាំងការបន្តអនុវត្ត ៣ការពារ និង៣កុំ ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការចូលរួម និងសហការយ៉ាង ស្អិតរមួតពីភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្តខិតខំចូលរួម និងសហការ ជាមួយនឹងរាជរដ្ឋាភិបាល ឱ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈ ការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមសហគមន៍ឱ្យអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ