ភ្នំពេញ ៖ គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន១៦៤០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក។

ការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

លោក គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល២ខែកន្លះ តែបើកាត់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យមានរយៈពេល៦០ថ្ងៃ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗចំនួន ១៦៤០គ្រឿង ក្នុងនោះចង្កួតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន៨៣២គ្រឿង (៨៥គ្រឿងកែចង្កូតរួច) សរុបជាទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក ជាតួលេខមួយល្អ»។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

លោក បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹម ថ្ងៃទី៣០  ខែមិថុនា ឆ្នាំ២0២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ