ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកែសម្រួលសមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់។

សមាសភាពក្រុមការងារនេះមាន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធាន និងអនុប្រធាន ចំនួន៤រូប និងសមាជិក ចំនួន១៦រូបទៀត។

យោងតាមសម្រេចរបស់ អគ្គស្នងការនគរបាលជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារមានភារកិច្ចដូចជា ៖ ប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ ឧបត្ថម្ភ គាំទ្រដល់ការបង្កើតឱ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ល្បិចកលអុជអាលឱ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ ដែលបង្កចលាចលនៅតាមបណ្តាភូមិសាស្ត្ររាជធានី-ខេត្ត។

ជាងនេះទៅទៀត កំណត់មុខសញ្ញាសកម្មជនដីធ្លីពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឱ្យបទល្មើសដដែលកើតឡើងសាជាថ្មី ដំឡើងបញ្ជីករណីរឿងដើម្បីកំណត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ព្រមទាំងវាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការ ស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង ដំឡើងបញ្ជីមុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ