WHO ៖ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង ក្រោយពេលរួមគ្នាប្រយុទ្ធប្រឆាំង
ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពជំងឺកូវីដ -១៩ នៅប្រទេសកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង ក្រោយពី អាជ្ញាធរ ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បានរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺមួយនេះ។
ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកស្រី Li Ailan បានចាត់ទុកយុទ្ធនាការ ថ្នាក់ជាតិនេះ នឹងជួយទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។
លោកស្រី មានប្រសាសន៍ថា «ភស្ដុតាំងដែលមានបង្ហាញប្រាប់យើងថា ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង ក្រោយពេលយើងរួមគ្នាប្រយុទ្ធនឹងជំងឺមួយនេះ អស់រយៈពេលច្រើនខែកន្លងមក ដំណឹងល្អមួយនេះ គឺជាលទ្ធផលពិតៗ នៃការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តអន្ដរាគមន៍ សុខភាពសាធារណៈ មិនមែនឱសថនានា រួមជាមួយជោគជ័យគួរឲ្យកត់សម្គាល់ នៃយុទ្ធនការចាក់វ៉ាក់សាំងកូវីដ-១៩»។
លោកស្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវរួបរួមគ្នាបន្ដប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ បន្ថែមទៀត ទោះ កម្ពុជាមានស្ថានភាពប្រសើរ ឡើងក៏ដោយ ។
នាឱកាសនោ តំណាង អង្គការ WHO ប្រចាំកម្ពុជា បានលើកឡើងថា WHO កោតសរសើរ ចំពោះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលបានសម្រេច សម្ធិផលសំខាន់ទាំងនេះ ជាពិសេស ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារប្រជាជន ងាយរងគ្រោះ និងប្រឈមហានិភ័យខ្ពស់។
សូមរំលឹកថា គិតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៥,៤៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨០,៣៩៦នាក់ និងអ្នកស្លាប់ ចំនួន១,៦៨៣នាក់ ៕EB