ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានលើកឡើងថា WHO នឹងបន្តកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ។

ក្នុងពិធីប្រគល់-ទទួលជំនួយរបស់ WHO ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ លោកស្រី Li Ailan បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំង ស្ថាប័នដែលពាក់ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមការពារទប់ស្កាត់ការ រីករាលដាលនៃវីរុសកូវីដ- ១៩ ដែលរហូតមកដល់ ពេលនេះស្ថានភាពនៃការរាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ អាចគ្រប់គ្រងបាន។

លោកស្រី បានគូសរំលេចថា «អង្គការសុខភាពពិភពលោកនឹងនៅតែបន្តកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ»។

នាឱកាសនោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំណរគុណចំពោះ អង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតនៃកូវីដ-១៩ ឲ្យបានកាន់តែឆាប់រហ័ស។

សូមបញ្ជាក់ជូនថា ជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត រួមមាន ៖ រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខាបន្ទាប់បន្សំ, ម៉ាស ចំនួន ១៦០,០០០ ម៉ាស់ ស្រោមដៃចំនួន ១៦០,០០០, ជែលលាងដៃ ចំនួន ៨,៧៥០ដប, សម្ភារៈអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨, ០៧៦.៥០ ដុល្លារអាមេរិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ