រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប ដើម្បីឲ្យពលរដ្ឋមានលទ្ធភាពទិញ
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្តរហ័ស ក្នុងតម្លៃសមស្រប ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។
យោងតាមសារាចរណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាឲ្យមន្ទីរពេទ្យឯកជន និងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។
លោក បានឲ្យដឹងថា «ឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ដោយក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
លោកបានបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្គរហ័សផ្តល់ជូនដោយ ក្រសួងសុខាភិបាល។ លោកថា សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រង និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឲ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្ដរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរ និងបន្សំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មក ក្រសួងនឹងផ្ទេរការងារនេះ ឲ្យទៅអង្គភាពណាមួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឲ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២,៨៩៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៧៧,០៣៧នាក់ និងអ្នកស្លាប់ ចំនួន១៦០២នាក់៕EB