ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើក្រសួងសាធារណការ និង ដឹកជញ្ជូន សិក្សាឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងធ្វើការសិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព ជាអាទិ៍៖ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាប ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ, គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ, គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និង គម្រោងផ្លូវដែកល្បឿនលឿនដែលត្រូវធ្វើឡើងជាកញ្ចប់, ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និង សម្រាប់ ការតភ្ជាប់ក្នុងតំបន់, ជាពិសេស ការតភ្ជាប់រហូតទៅដល់ប្រទេសចិន។

លោក ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ចំពោះមុខនេះ ខ្ញុំសូមស្នើក្រសួងសាធារណការ និង ដឹកជញ្ជូន សិក្សាឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ លើ គម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ទាំងល្បឿនលឿន និង ល្បឿនធម្មតា, ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយ ជូនរាជរដ្ឋាភិបាលពិនិត្យ និង សម្រេច»។

លោក ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ក្រសួងក៏បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា, ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមរយៈការរកដំណោះស្រាយឈ្នះ-ឈ្នះ ជាមួយប្រទេសជិតខាង, ដោះស្រាយបញ្ហាកកស្ទះ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត និងជំរុញការពិភាក្សាជាមួយភាគីថៃ និង វៀតណាម ដើម្បីបង្កើនប្រតិបត្តិការច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និង ព្រៃវល្លិ៍-ប៊ិញហៀប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ