ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខិតខំពង្រឹងក្លឹបបាត់ទាត់នគរបាលជាតិឡើងវិញ ដោយសារមួយរយៈនេះ សម្ដេច សង្កេតឃើញថា ក្លិបនេះមានការធ្លាក់គុណភាព នៃការប្រកួត។

សម្ដេចក្រឡាហោម ស ខេង បានជំរុញបែបនេះ នាឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គលេខាធិការ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខធិការធិការក្រុប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏មានក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់នគរបាលជាតិ និងកីឡាករ នឹងខិតខំប្រឹងប្រែងធ្វើក្លិបបាល់ទាត់នគរបាលជាតិ មានភាពល្បីល្បាញឡើងវិញ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ សម្ដចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី តាមប្រភេទវិស័យកីឡាមានសក្ដានុពលរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២២នេះផង ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផង និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកីឡារយៈពេលយូរអង្វែងផង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ