ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-១៨ ខែកក្កដា ឆ្នាំ២០២២ មានម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្តាំ ចូលមកបញ្ជី ចំនួន ២ ០៦០ គ្រឿង ក្នុងនោះ បង់ពន្ធរួចចំនួន១ ០២៩ គ្រឿង និងរថយន្តចង្កូតឆ្វេងមកបង់ពន្ធចំនួន ១៥គ្រឿង ដោយទទួលថវិកាពន្ធ ចំនួន ៤.៣៥ លានដុល្លារ។

យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៨ កក្កដា បានបញ្ជាក់ថា អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ អគរ បានចាត់ចែងអនុវត្តការងារយ៉ាងសកម្ម។

អគ្គនាយកដ្ឋានគយ បានរៀបរាប់ថា «គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ម្ចាស់ និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធនិងអាករជាបន្តបន្ទាប់ដោយទទួលបានលទ្ធផលដូចជា៖ រថយន្តចង្កូតស្តាំត្រូវបានចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១ ០៣១ គ្រឿង។ រថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង។ ទឹកប្រាក់ពន្ធនិងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំនិងឆ្វេងខាងលើមានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាមេរិក)»។

អគ្គនាយកដ្ឋានគយ  បានបន្ថែមថា ទន្ទឹមនឹងការទទួលឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគរ ក៏បានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការលួចនាំចូលឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ បានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាទេ។

ឆ្លៀតក្នុងឱកាសនេះដែរ អគ្គនាយកដ្ឋានគយ ក៏បានក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅអង្គភាពគយនិងរដ្ឋាករជិតបំផុតឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាប និងរឹបអូសដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ