ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ឲ្យដឹងថា ដីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ (CNRP)ដែលដីរបស់ទណ្ឌិត សម រង្ស៊ី ដល់បាន១.៦លានដុល្លារ ក្នុងនោះសម្តេច និងសម្តេចក្រឡាហោម ស ខេង ទទួលបានសំណងជំងឺចិត្ត១លានដុល្លារ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ បានជំរុញឱ្យតាមពិនិត្យមើលប្រាក់សងជំងឺចិត្តចំពោះបទបរិហារកេរ្តិ៍ថែមទៀត ខណៈដែលសម្តេចទើបតែទទួលបានប្រាក់សំណងនេះ ជាង៧សែនដុល្លារប៉ុណ្ណោះពីការលក់ផ្ទះរបស់លោក សម រង្ស៉ី (អតីតស្នាក់ការគណបក្ស) ដោយនៅខ្វះប្រមាណ៣សែនដុល្លារទៀតក្នុងការទាមទារសំណងជំងឺចិត្ត១លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ៖ «ស្នាក់ការរបស់ហ្អែងលក់បាត់ហើយ មិនមែនស្នាក់ការទេ ដីរបស់ហ្អែងលក់ ហ្អែងខ្វះទៀត លក់បាត់…ហ្អែងពូកែទៅ តាមមើលទៀត នរណាត្រូវសងជំងឺចិត្តអីយ៉ាងម៉េចត្រូវសង ខ្ញុំបាន៧សែនដែរ ព្រោះខ្ញុំទារ១លាន ឥឡូវនៅជំពាក់ខ្ញុំ៣សែនទៀតតាមទារអាហ្នឹង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «រឿងហ្នឹងត្រូវតែធ្វើ ហ្អែងដើរបរិហាកេរ្តិ៍ គេទារជំងឺចិត្តវាជារឿងធម្មតា មើល៍ ! បំបាត់វប្បធម៌ «ឱ្យតែក្រោយបោះឆ្នោតឯងក្លាយទៅជាចោររហូត» ឥឡូវអាអ្នកដែលចោទគេថា ជាចោរហ្នឹង ត្រូវតែសងជំងឺចិត្តដល់អ្នកដែលអ្នកឯងចោទគេ មិនមែនជាសិទ្ធិបញ្ចេញមតិទេ អញ្ចឹងគណបក្សជាជនជាចោរមួយជីវិតត្រូវបំបាត់អាហ្នឹងមួយចោល»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការដាក់ចេញគោលនយោបាយរបស់ លោក សម រង្ស៉ី «មានស៊ីអត់សែន មានសែនអត់ស៊ី» កាលពីឆ្នាំ២០០៣ នៅខេត្តសៀមរាប ដោយសម្តេចលើក ឡើងថា «ឥឡូវកំពុងមានសែនអត់ស៊ី»។

សម្តេចបញ្ជាក់បន្ថែមថា ៖«បោះឆ្នោតនៅហ្នឹង បោះពីម៉ោង៧ព្រឹកនាំគ្នាចូលបោះម៉ោង៣ល្ងាចបិទរួចហើយរាប់ជាមួយគ្នា រួចហើយវាថាឯងចោរលួចសន្លឹកឆ្នោត អញ្ចឹងបើចោររហូត ឱ្យតែនរណានិយាយចោរ គឺថា ប្តឹងអាហ្នឹង អត់មានទុកទេពីថ្ងៃនេះទៅ លេងអាហ្នឹងតែម្តង»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា សំណងជំងឺចិត្តនេះ ត្រូវបានសម្តេចតេជោ បញ្ជាក់ថា នឹងយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត ឬយកទៅជួយប្រជាជនក្រីក្រ។ សម្តេចបានបញ្ជាក់ថា ៧សែនដែលសម្តេចទទួលបានពីការសងជំងឺចិត្តត្រូវបានដាក់បញ្ចូលគណនេយ្យមេធាវីសម្រាប់ការពារក្តីឱ្យជនក្រីក្ររួចហើយ។សម្តេចបានចាត់ទុកថា នេះជាការលុបបំបាត់វប្បធម៌លាបពណ៌ ក្រោយការបោះឆ្នោត «ថាឯងជាចោរ»។

សូមបញ្ជាក់ថា លោក សម រង្ស៉ី ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌបន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់ កញ្ញា ធី សុវណ្ណថា១លានដុល្លារ ដើម្បីវា.យប្រហារលើគណបក្សសង្គ្រោះជាតិ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ