សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជា នឹងរៀនសូត្រនូវអ្វីជាបទពិសោធន៍ល្អៗ របស់ហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា អាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អល្អរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីសហ្វិច ទើបតែងតាំងថ្មី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ លោកស្រី Sarah Lou Arriola បានជម្រាបជូន សម្តេចក្រឡាហោម ស ខេង អំពីស្ថានភាពក្រុមការងារប្រឆាំងការជួញដូរមនុស្សនៅប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន ដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងសង្ឃឹមជឿជាក់ថា លោកស្រីអាចយកបទ ពិសោធន៍ល្អទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។
លោកស្រី ក៏យកឱកាសនេះថ្លែងកោតសរសើរចំពោះអាជ្ញាធរអន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការជាពិសេសក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍តាមព្រំដែន បានផ្តល់កិច្ចសហការដ៏ល្អក្នុងការគ្រប់គ្រងត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់នូវការថែទាំយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនចូលមកកម្ពុជា ការត្រួតពិនិត្យនូវឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចការនេះជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះអ្វីដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ សម្ដេច ក៏សង្ឃឹមជឿជាក់ថា «តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អល្អរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»៕