ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូនដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយៈពេល ១០ឆ្នាំ គិតចាប់ពី ថ្ងៃផ្តល់។ ដូច្នេះ អត្តសញ្ញាណប័ណ្ណដែលបានផ្តល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមក បំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖

ទី១-តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន។

ទី២-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

និងទី៣-ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបស៊ីអនម៉ល២ (Aeon Mall II) សែនសុខ។

លើសពីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្ឃឹមថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មីអស់សុពលភាព ឬជិតអស់សុពលភាព សូមមេត្តាយកចិត្តទុកដាក់ និងរួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីឡើងវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ