ក្រសួងកសិកម្ម អំពាវនាវប្រជាពលរដ្ឋរួសរាន់ ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ក្នុងរដូវនេសាទ ឆ្នាំ២០២១-២០២២
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ធ្វើ ប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម ចាប់ពីថ្ងៃទី១២-១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នាថ្ងៃទី១២ ធ្នូ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើន ចាប់ថ្ងៃទី១២ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
រដ្ឋបាលជលផល បញ្ជាក់ថា «យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែល មានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ»។
ទន្ទឹមនឹងនេះ រដ្ឋបាលជលផល សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូផលិតផលត្រីបានដោយ រលូនតាមការគួរ។ ជាមួយគ្នានេះដែរ រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោគកូវីដ-១៩៕EB