ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា កម្ពុជា-ចិន  សហការគ្នាបានល្អក្នុងការកាត់បន្ថយបទល្មើសបានយ៉ាងច្រើន ជាពិសេសបទល្មើសហ្គេមអនឡាញ  ជាដេីម ។ 

នាឱកាសអនុអញ្ញាតឱ្យ លោក លី ស៊ាងមីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៨  ខែមករា  ឆ្នាំ២០២៣  នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗដែលទទួលបាន តាមរយៈកិច្ចសហការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិចិន និងភាពរីកចម្រើនរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ។ 

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់ភាគីរដ្ឋាភិបាលចិន ដែលក្នុងរយៈកាលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងឧបករណ៍ និងមធ្យោបាយសម្ភារៈបម្រើឱ្យកិច្ចប្រតិបត្តិការ ការបណ្តុះបណ្តាលកសាងធនធានមនុស្ស និងការជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ អំពីការរីកចម្រើនក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានាក្នុងពេលកន្លងមក ដែលភាគីចិន និងកម្ពុជាសហការគ្នាបានល្អក្នុងការកាត់បន្ថយបទល្មើសបានយ៉ាងច្រើន ជាពិសេសបទល្មើសហ្គេមអនឡាញ។

ជាការឆ្លើយតបភាគីចិន លោក លី ស៊ាង មីង (LI XIANG MING) ក៏បានថ្លែងគាំទ្រចំពោះការចង្អុលដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជា-ចិន។ ជាមួយគ្នានោះផងដែរ ភាគីចិនក៏សន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសកិច្ចការការពារព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដូចជា ការប្រកួតកីឡា SEA GAMES លើកទី៣២ និងកីឡាជនពិការ ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ និងការបោះឆ្នោតជាតិ ព្រមទាំងជំរុញការសាងសង់ទីបញ្ជាការអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបានចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ