ភ្នំពេញ ៖ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការ ហួសចិត្តយ៉ាងខ្លាំងចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នាបម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបាន អាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្ត ស្ទឹងត្រែងរបស់ខ្មែរ។

ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ លោក កែ គឹមយ៉ាន បានលើកឡើងថា «ប៉ុន្មានថ្ងៃមុន ខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការ៉ុងៗ ហើយការដឹកនេះគឺជាការដឹកដោយចំហរ។ លេងតែអញ្ចឹងងាប់ដល់ខ្មែរតែទោះជាយ៉ាងណាយើងអគុណ ដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា»។

លោកបានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលធ្វើការដឹកដោយគោយន្តនោះ គឺមានចំនួនជាបីគ្រឿង ផ្ទុកគ្រឿងញៀនប្រហែលជាង៦រយគីឡូក្រាម ហើយបម្រុងដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរគេចាប់បានដោយចៃដនខណៈគេទៅបង្រ្កាបឡានគេចពន្ធនោះ។

បន្ទាប់ពីមើលឃើញករណីនាំចូលគ្រឿងញៀននៅតែបន្តគួរឲ្យព្រួយបារម្ភនោះ លោក កែ គឹមយ៉ាន ក៏បានបន្តអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ជាពិសេសខេត្តដែលជាប់នឹងព្រំដែន ប្រទេសជិតខាងគប្បីបង្កើនការបង្រ្កាប់នូវបទល្មើសមួយនេះបន្ថែមទៀត ដោយមិនត្រូវធ្វេសប្រហែសបន្ត ទៀតនោះឡើយ ខណៈគ្រឿងនេះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ។

ជាមួយគ្នានោះ  លោក ក៏បានអំពាវនាវដល់អាជ្ញាធរទាំងអស់គប្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរចំពោះការនាំចូលនៅសារធាតុគីមី ដោយសារធាតុគីមីខ្លះត្រូវបានឈ្មួញទុច្ចរិតលួចនាំមកដើម្បីធ្វើគ្រឿងញៀនផ្សំ ខណៈករណីនេះធ្លាប់មាន ហើយបង្រ្កាប់បាននៅខេត្តកំពង់ស្ពឺកាលពីកន្លងទៅថ្មីៗនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ